ថ្ងៃទី២៧ កក្កដា ឆ្នាំ២០១២ ក្រុមអ្នកប្រើប្រាស់បច្ចេកវិទ្យាហ្គូហ្គលនៅកម្ពុជា (PP GTUG) តំណាងដោយ លោក ហេង សុវណ្ណ និង លោក ម៉េង គង់ បានធ្វើបទបង្ហាញអំពី ផែនទីហ្គូហ្គល (Google Maps) និង កម្មវិធីដៅផែនទីហ្គូហ្គល (Google Map Maker) នៅឯសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច សាខាខេត្តក្រចេះ សិក្ខាកាមចូលរួមមានចំនួនប្រមាណ ៧០ នាក់ ។ ដើម្បីជាកិច្ចចាប់ផ្តើម លោក នាយករង គឹម សុថន បានធ្វើចំណាប់អារម្មណ៍អំពីបច្ចេកវិទ្យាហ្គូហ្គល និងអត្ថប្រយោជន៍ក្នុងវិស័យសិក្សាស្រាវជ្រាវផ្សេងៗ ដូចជាការស្រាវជ្រាវ ស្វែងរកឯកសារផ្សេងៗតាមរយៈម៉ាស៊ីនស្វែងរករបស់ហ្គូហ្គល (Google Search)។ នៅប្រទេសជឿនលឿន ប្រជាជនគេនិយមប្រើ Google Maps ដើម្បីដឹងទីតាំងផ្សេងៗ ក្នុងទីក្រុងធំៗ ឧបករណ៍នាំផ្លូវក្នុងរថយន្តផ្តល់ភាពងាយស្រួលក្នុងការបើកបរទៅកាន់ទីតាំងផ្សេងៗដោយគ្រាន់តែស្គាល់ឈ្មោះទីតាំងនោះ ដោយពុំចាំបាច់ទូរស័ព្ទសួរអ្នកដទៃ ។ លោក សុថន បានថ្លែងអំណរគុណPP GTUG ដែលបានស្ម័គ្រចិត្តចែករំលែកនូវបទពិសោធន៍បច្ចេកវិទ្យាផែនទីហ្គូហ្គលដល់និស្សិតសាកលវិទ្យាល័យរបស់លោក ។ បន្ទាប់មក លោក ហេង សុវណ្ណ បានណែនាំអំពីសារសំខាន់ របស់ផែនទី ចំពោះវិស័យផ្សេងៗ ដូចជា ទេសចរណ៍ គមនាគមន៍ ជាដើម មុននឹងឈានចូលដល់បទបង្ហាញ ។ សិក្ខាកាមចូលរួមមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើមុខងារទិដ្ឋភាពដងវិថី Street View របស់ផែនទីហ្គូហ្គល និងការដៅផែនទីហ្គូហ្គល ហើយក៏បានចាប់ផ្តើមដៅភ្លាមៗ បើទោះជារូបភាពផ្កាយរណបនៅតំបន់ក្រុងក្រចេះពុំច្បាស់ ពុំទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយក្តី ពីព្រោះលោកគ្រូ និងនិស្សិតរស់នៅតំបន់នោះស្គាល់ច្បាស់ពីទីតាំងផ្សេងៗក្នុងតំបន់របស់ខ្លួន ដែលជាជំនួយទៅលើរូបភាពពុំសូវច្បាស់លើទិដ្ឋភាពផ្កាយរណបរបស់ហ្គូហ្គល ។ សំណូមពររបស់សិក្ខាកាមស្នើសុំឲ្យក្រុមហ៊ុនហ្គូហ្គលធ្វើបច្ចុប្បន្នភាពរូបភាពផ្កាយរណបឲ្យបានច្បាស់ និងឆាប់ ដើម្បីឲ្យពួកគាត់អាចចូលរួមវិភាគទានក្នុងការដៅផែនទីនេះកាន់តែមានភាពងាយស្រួល ។ |
ព័ត៌មាន >